សាររបស់ប្រធាននាយកប្រតិបត្តិ


លោក សុខ វឿន

ប្រធាននាយកប្រតិបត្តិ


វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបន្តរក្សាបានភាពធន់ និងមានវឌ្ឍនភាពជាលំដាប់ ដែលធានាដល់ការរក្សាចីរភាព ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុចាំបាច់នានា និងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗ ផងដែរ បើទោះបីល្បឿនកំណើនឥណទានបានថមថយក៏ដោយ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ទំហំផលប័ត្រ ឥណទាននៃវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ដែលមានគណនីឥណទានចំនួន ១,៦ លានគណនី។ ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ក្រុមគ្រួសារមានចំណែក ៣០,៨% កសិកម្ម ២២,២% ពាណិជ្ជកម្មនិងជំនួញ ២០,៣% សេវាកម្ម ១១,៥% សំណង់ ៧,១% ដឹកជញ្ជូន ២,៩% កម្មន្តសាល ២,៩% និងផ្សេងៗ ២,៣%។ ទន្ទឹមនឹងនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួល ប្រាក់បញ្ញើពីអតិថិជនប្រមាណ ២,២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១,៩ លានគណនី។ ជារួម គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុភាគច្រើនមានភាពរឹងមាំ និងអាចធន់នឹងហានិភ័យនានា ដោយគ្រឹះស្ថានបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន អនុលោមតាមច្បាប់និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន សេចក្តីណែនាំនិងវិធានការនានាដែលបានដាក់ចេញដោយធនាគារ ជាតិនៃកម្ពុជា​ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

នៅក្នុងឆ្នាំ២០២៣ អិលអូអិលស៊ី ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយការប្រុងប្រយ័ត្ន និងរក្សាបាននូវកំណើន ផលប័ត្រឥណទានប្រកបដោយគុណភាព និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។ ការងើបឡើងវិញនៃប្រាក់ចំណូលរបស់ អតិថិជនដែលរងផលប៉ះពាល់ពីកូវីដ១៩ និងគ្រោះទឹកជំនន់ នៅមិនទាន់វិលត្រឡប់មកធម្មតាទាំងស្រុងវិញនៅឡើយទេ។ ជាមួយនឹងការគាំទ្រផ្នែកបទបញ្ញត្តិពីធនាគារជាតិនៃកម្ពុជា អិលអូអិលស៊ីអាចបន្តផ្តល់ការអនុគ្រោះដល់អតិថិជន តាមរយៈការផ្តល់រយៈពេលអនុគ្រោះដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានពេលវេលាក្នុងការចាប់ផ្តើមសកម្មភាពអាជីវកម្មឡើងវិញ ជាពិសេសក្នុងវិស័យទេសចរណ៍។

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៣

ផលប័ត្រឥណទាន

អិលអូអិលស៊ី​​ ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយការប្រុងប្រយ័ត្ន ដើម្បីធានាបាននូវគុណភាព និងនិរន្តរភាព។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ផលប័ត្រឥណទានមានចំនួន ១.២៤៧ លានដុល្លារអាមេរិក ដែលមានអតិថិជនប្រមាណ ៣៣៥.០០០ នាក់ ខណៈដែលហានិភ័យផលប័ត្រឥណទាន៣០ថ្ងៃ មានចំនួនត្រឹម ២,៧%។ ចំនួនអតិថិជនរួមមាន អតិថិជនក្រុម ៤៣% និងអតិថិជនឯកត្តជន ៥៧%។ ប្រាក់កម្ចី ៦៦% ត្រូវបានផ្តល់ទៅកាន់សហគ្រិនខ្នាតមីក្រូ (ដែលមានទំហំកម្ចី ≤ ៣.០០០ ដុល្លារអាមេរិក) ដែលក្នុងនោះ ៨១% មិនមានដាក់អចលនទ្រព្យជាទ្រព្យធានា។ ផលប័ត្រឥណទាននៃកម្ចីខ្នាតមីក្រូមានចំនួនត្រឹមតែ ២០% នៃទំហំផលប័ត្រឥណទានសរុប ដែលទំហំឥណទាន ជាមធ្យមមានចំនួន ៩៦៥ ដុល្លារអាមេរិក ខណៈដែល ៨០% នៃផលប័ត្រឥណទានត្រូវបានផ្តល់ទៅកាន់វិស័យ ឥណទានខ្នាតតូច មធ្យម និងខ្នាតធំ។

គុណភាពផលប័ត្រឥណទាន

ជាមួយនឹងការសម្របខ្លួនទៅ នឹងការផ្លាស់ប្តូរនៃម៉ាក្រូសេដ្ឋកិច្ច និងការលំបាកនានា អិលអូអិលស៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុង ការប្រឈមមុខនឹងស្ថានភាពអវិជ្ជមានទាំងនេះ និងអាចរក្សាបាននូវ កំណើនផលប័ត្រឥណទាន ប្រកបដោយគុណភាព និងការត្រួតពិនិត្យ ផ្ទៃក្នុងដ៏រឹងមាំ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អិលអូអិលស៊ី (ខេមបូឌា) បានសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីពង្រឹងលើការគ្រប់គ្រង ហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង ដោយអនុវត្តវិធានការ ដូចខាងក្រោម៖
 ការសិក្សា​ និងវាយតម្លៃឥណទានត្រូវបានធ្វើឡើងដោយផ្អែកជាមូលដ្ឋានលើការវិភាគលំហូរសាច់ប្រាក់។
 ការបែងចែកកម្រិតសិទ្ធិក្នុងការត្រួតពិនិត្យ និងការអនុម័តលើឥណទាន។
 ការត្រួតពិនិត្យជាញឹកញាប់លើគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំ ព្រមទាំងការអនុវត្តលើ គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំទាំងនោះ។
 ការគាំទ្រពីប្រព័ន្ធក្នុងការរកឃើញ និងបង្ការការអនុវត្តដែលមិនត្រឹមត្រូវ ខុសពីគោលនយោបាយ និងនីតិវិធី។
 បន្តពង្រឹងការត្រួតពិនិត្យឥណទានបន្ទាប់ពីទម្លាក់ទុនរួចតាមរយៈវិធីសាស្ត្រផ្សេងៗគ្នា។
 ការបញ្ជ្រាបវប្បធម៌នៃការគ្រប់គ្រងហានិភ័យនៅទូទាំងអិលអូអិលស៊ី។
 បន្តពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្ត និងការត្រួតពិនិត្យផ្ទៃក្នុង។
 នាយកដ្ឋានសវនកម្ម​ផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាពនៃការ​ អនុវត្តការត្រួតពិនិត្យផ្ទៃក្នុង។
 កែលម្អរចនាសម្ព័ន្ធនៃការលើកទឹកចិត្តមន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និងបុគ្គលិកសហគមន៍ផ្សេងទៀតដោយ ផ្អែកលើគុណភាពឥណទានជាចម្បង។
 ការត្រួតពិនិត្យការិយាល័យឥណទាននៃកម្ពុជាឱ្យបាន ១០០%​ ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់ (វាយតម្លៃដោយផ្អែកលើលំហូរសាច់ប្រាក់)។
 បន្តផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីរក្សាបុគ្គលិក ដើម្បីពង្រឹងសមត្ថភាព និងចំណេះជំនាញរបស់បុគ្គលិក និងធានាការអនុវត្តប្រកបដោយភាពត្រឹមត្រូវ។
 ការអនុវត្តគោលការណ៍ការពារអតិថិជន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ។
 រក្សាឱ្យបាននូវអនុលោមភាពតាមគោលការណ៍ផ្តល់កម្ចីរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាក់ទងនឹងកម្ចីត្រួតគ្នា និងការផ្តល់ហិរញ្ញប្បទានឡើងវិញ។

លទ្ធផលប្រាក់បញ្ញើ

សមតុល្យប្រាក់បញ្ញើកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ៩០៤ លានដុល្លារអាមេរិក ត្រឹមដំណាច់ឆ្នាំ២០២៣ ដែល មានកំណើន ១៨% ធៀបនឹងដំណាច់ឆ្នាំ២០២២។ ចំនួនអតិថិជនប្រាក់បញ្ញើមានចំនួនជាង​ ៥១១.០០០ នាក់។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើ និងចំនួនអតិថិជនប្រាក់បញ្ញើ បង្ហាញឱ្យឃើញថា អិលអូអិលស៊ីគឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់អតិថិជន ការការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។

សេវាធនាគារឌីជីថល

ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃតម្រូវការសេវាហិរញ្ញវត្ថុឌីជីថល អិលអូអិលស៊ីបន្តវិនិយោគលើគម្រោងធនាគារឌីជីថលយ៉ាងសម្បូរបែប ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរជូនដល់ អតិថិជន។
 អិលអូអិលស៊ី បានធ្វើទំនើបកម្មលើកម្មវិធីធនាគារចល័តរបស់ខ្លួន iPay Cambodia Mobile App ជាមួយនឹង មុខងារកាន់តែងាយស្រួលជាងមុន ដែលអតិថិជនអាចធ្វើប្រតិបត្តិការធនាគារយ៉ាងសម្បូរបែប ដោយមិនគិត កម្រៃសេវា ដូចជាទូទាត់ទំនិញនៅប្រទេសថៃតាមរយៈ Thai QR, ស្កេននិងទូទាត់ថ្លៃទំនិញទៅកាន់ម្ចាស់ អាជីវកម្ម/អ្នកប្រើប្រាស់ តាមរយៈ KHQR, ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធ FAST, RFT និងបាគង, ផ្ទេរប្រាក់ក្នុងរង្វង់អិលអូអិលស៊ី, ទូទាត់វិក្កយប័ត្រ, បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ, បើកគណនីបញ្ញើសំចៃ ឌីជីថល, បើក/ផ្លាស់ប្តូរលក្ខខណ្ឌ/បិទគណនីបញ្ញើមានកាលកំណត់, ពិនិត្យសមតុល្យសាច់ប្រាក់, ទាញយក របាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងទាញយកវិញ្ញាបនប័ត្របញ្ញើមានកាលកំណត់។
 អិលអូអិលស៊ីធ្វើទំនើបកម្មប័ណ្ណ CSS ATM Card របស់ខ្លួនជាមួយនឹងមុខងារស្តង់ដារ EMV Standard Chip ដើម្បីពង្រឹងសុវត្ថិភាពកាតឱ្យកាន់តែប្រសើរជាងមុនមួយកម្រិតទៀត។ ជាមួយនឹងប័ណ្ណ CSS ATM Card របស់អិលអូអិលស៊ី អតិថិជនអាចធ្វើប្រតិបត្តិការធនាគារបានដោយខ្លួនឯងនៅតាមម៉ាស៊ីន ATM របស់គ្រឹះស្ថានជាសមាជិក CSS ដូចជា ប្រតិបត្តិការដកប្រាក់ ពិនិត្យសមតុល្យគណនី ប្តូរលេខកូដសម្ងាត់ ទាញយករបាយការណ៍ហិរញ្ញវត្ថុ និងផ្ទេរប្រាក់ក្នុងរង្វង់អិលអូអិលស៊ី ឬផ្ទេរប្រាក់ឆ្លងធនាគារ នៅលើម៉ាស៊ីន ATM ជាង ៤.០០០ ម៉ាស៊ីននៅទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា។
 អិលអូអិលស៊ីបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធធនាគារតាមរយៈឧបករណ៍ Tablet Devices ទៅគ្រប់សាខាទាំង អស់ក្នុងឆ្នាំ២០២៣។ តាមរយៈប្រព័ន្ធធនាគារតាមឧបករណ៍ Tablet Devices បុគ្គលិករបស់យើងអាចធ្វើ ប្រតិបត្តិការការងារ (ដូចជាការវាយតម្លៃឥណទាន ការប្រមូលប្រាក់កម្ចី និងការបើកគណនីបញ្ញើសំចៃ) យ៉ាងងាយស្រួលពីឧបករណ៍ Tablet Devices ដែលបានកាត់បន្ថយការងារដោយដៃ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរ។
 បន្ថែមលើនេះផងដែរ អិលអូអិលស៊ីក៏បាននឹងកំពុងធ្វើសមាហរណកម្មជាមួយភាគីទីបី ដើម្បីផ្តល់នូវបណ្តាញ ចែកចាយកាន់តែច្រើន និងបទពិសោធន៍ដ៏ល្អប្រសើរដល់អតិថិជនរបស់យើង។

អាជីវកម្មប៊េងកាសួរេន

អិលអូអិលស៊ីបានចាប់ដៃគូជាមួយក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ភីអិលស៊ី ជាដៃគូអាជីវកម្មប៊េងកាសួរេន ម៉ូដែលភ្នាក់ងារ។ ការចាប់ដៃគូនេះធ្វើឡើងក្នុងគោលបំណងពង្រឹងបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាព ទទួលបានសេវាធានារ៉ាប់រងដល់អតិថិជន និងបណ្តាញប្រតិបត្តិការ និងពង្រឹងលើការការពារអតិថិជន ដោយផ្តល់ឱ្យ អតិថិជននូវការធានារ៉ាប់រងអាយុជីវិត ដើម្បីសម្រាលបន្ទុករបស់ពួកគេនៅក្នុងគ្រួសារ ក្នុងករណីដែលអ្នកខ្ចី និង/ឬ អ្នករួមខ្ចីជួបឧបទ្ទវហេតុ និង/ឬបញ្ហាសុខភាព ដែលនាំទៅដល់ការបាត់បង់ជីវិត ឬពិការភាពអចិន្ត្រៃយ៍។

ការគ្រប់គ្រងនិរន្តរភាពសង្គម និងបរិស្ថាន

អិលអូអិលស៊ីបន្តផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពសម្បូរបែប មានការទទួលខុសត្រូវសង្គមនិងបរិស្ថាន ដល់ប្រជាជន កម្ពុជានៅជនបទ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ អតិថិជនឥណទានប្រមាណ ៧៩% រស់នៅតំបន់ជនបទ, ជាង ៧០% ជាអតិថិជនស្រ្តី,​ ៤៩% នៃអតិថិជនមានមុខរបរក្នុងវិស័យកសិកម្ម ដែលមិនមានហានិភ័យប៉ះពាល់ទៅលើបរិស្ថាន គួរឱ្យកត់សម្គាល់ឡើយ,​ អតិថិជនប្រមាណ ១.៩០០នាក់ មានថាមពលស្អាតសម្រាប់ប្រើប្រាស់, អតិថិជនប្រមាណ ៩.៣០០នាក់កំពុងប្រើប្រាស់ឥណទានកែលម្អគេហដ្ឋាន, អតិថិជន ៤.៩០០នាក់កំពុងប្រើប្រាស់ឥណទានសម្រាប់ ទឹកស្អាតនិងអនាម័យ ដើម្បីលើកកម្ពស់អនាម័យ និងការប្រើប្រាស់ទឹកស្អាត, អតិថិជន ៥១១.០០០នាក់ ទទួលបាន សេវាប្រាក់បញ្ញើសំចៃ ហើយអតិថិជនប្រមាណ ២៦% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ១៥០% (ដោយប្រើប្រាស់ សន្ទទស្សន៍នៃការចាកផុតពីភាពក្រីក្រ PPI ដើម្បីវាស់វែងកម្រិតនៃភាពក្រីក្រ)។

ស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ស្តង់ដារនៃការគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ចល្អ រួមមាន គោលការណ៍ការពារអតិថិជន (CPP) ស្តង់ដារជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) ការអនុវត្តល្អ បំផុតនៃការគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ចល្អ ជាដើម ត្រូវបានដាក់បញ្ចូលទៅក្នុង គោលនយោបាយ នីតិវិធី ការបណ្តុះបណ្តាល វិធីសាស្ត្រក្នុងការផ្តល់ផលិតផលនិងសេវាកម្មជូនអតិថិជន និងឧបករណ៍ត្រួតពិនិត្យរបស់គ្រឹះស្ថាន។ ទាំងនេះដោយសារតែគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលយល់ច្បាស់អំពី ទស្សនវិស័យដែលថា “ក្រុមហ៊ុនទទួលបានជោគជ័យ លុះត្រាតែអតិថិជនជោគជ័យ”។ ជាលទ្ធផល អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាស ពីគ្រឹះស្ថានវាយតម្លៃអន្តរជាតិ Cerise និង SPTF។ នេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ីតែងតែការពារ និងគាំទ្រអតិថិជន ដើម្បីពង្រីកអាជីវកម្មឱ្យមានការ រីកចម្រើន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បន្ថែមលើនេះ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រវាយតម្លៃសកម្មភាពសង្គម កម្រិត sBB+ ដែលបង្ហាញឱ្យឃើញថា អិលអូអិលស៊ីអនុវត្តបាន គ្រប់គ្រាន់លើការគ្រប់គ្រងសកម្មភាពសង្គម ប្រព័ន្ធការពារអតិថិជន និងអនុលោមតាមបេសកកម្មសង្គម ហើយស្រប ពេលជាមួយគ្នានេះ អិលអូអិលស៊ីក៏ទទួលបានវិញ្ញាបនបត្រវាយតម្លៃការអនុវត្តរបស់គ្រឹះស្ថានទាំងមូល កម្រិត Medium ដែលនេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ីមានទស្សនវិស័យរឹងមាំសម្រាប់និរន្តរភាពហិរញ្ញវត្ថុ និងមាន មូលដ្ឋានរឹងមាំ និងមានស្ថេរភាព។

ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាផ្តល់ជាដំណោះស្រាយក្នុងការការពារបរិស្ថាន និងសង្គម អិលអូអិលស៊ីបានខិតខំប្រឹងប្រែងដោយបញ្ចូលទៅក្នុងដំណើរការនៃការវាយតម្លៃកម្ចី នូវចំណុចសំខាន់ៗ ដើម្បីដោះស្រាយការព្រួយបារម្ភទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច ហើយដំណើរការនៃការវាយតម្លៃកម្ចីត្រូវបាន បញ្ចូលការវិភាគផលប៉ះពាល់ទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច នៅក្នុងការសម្រេចចិត្តអនុម័តឥណទាន។ អិលអូអិលស៊ីមានបញ្ជីអាជីវកម្ម ដែលត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែលមាន ផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសហគមន៍។ អិលអូអិលស៊ីមានវិធានការដ៏រឹងមាំដើម្បីការពារការផ្តល់ប្រាក់កម្ចី ដល់សកម្មភាពដែលត្រូវបានហាមឃាត់។ គ្រប់កម្ចីទាំងអស់ត្រូវបានវាយតម្លៃដោយបុគ្គលិកសហគមន៍ ត្រួតពិនិត្យ និងអនុម័តដោយប្រធានគ្រប់គ្រង/នាយកសាខា/គណៈកម្មការឥណទាន ដើម្បីធានាថាប្រាក់កម្ចីមិនត្រូវបានផ្តល់ឱ្យ ដល់សកម្មភាពអាជីវកម្មហាមឃាត់ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។ ការវាយតម្លៃផលប៉ះពាល់លើ បរិស្ថាន និងសង្គមត្រូវបានអនុវត្តចំពោះគ្រប់ទំហំកម្ចីទាំងអស់។ ចំពោះកម្ចីដែលមានទំហំតិចជាង ៣០.០០០ ដុល្លារ អាមេរិក ការយល់ដឹងពីផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គមត្រូវបានលើកយកមកពិភាក្សាជាមួយអតិថិជនអំពី បញ្ហាហានិភ័យ និងផ្តល់ជាអនុសាសន៍សម្រាប់កែលម្អឱ្យប្រសើរឡើង។ ចំពោះកម្ចីសហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំធំជាង ឬស្មើនឹង ៣០.០០០ ដុល្លារអាមេរិក ឧបករណ៍វិភាគដ៏ស៊ីជម្រៅត្រូវបានបញ្ចូលពេញលេញទៅ ក្នុងដំណើរការវាយតម្លៃឥណទាន។ ​ការវាយតម្លៃដ៏លម្អិតត្រូវបានធ្វើឡើងដើម្បីវិភាគទៅលើផលប៉ះពាល់ ថាតើមាន កម្រិតទាប មធ្យម ឬ ខ្ពស់ និងផ្តល់អនុសាសន៍ទៅអតិថិជនសម្រាប់ការយល់ដឹង និងធ្វើការកែលម្អ។ ការតាមដានទៅ លើវឌ្ឍនភាពនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម ត្រូវបានបន្តត្រួតពិនិត្យជាប្រចាំ។ យ៉ាងហោចណាស់ ចំនួនពីរដង (អំឡុងពេលវាយតម្លៃកម្ចី និងមុនពេលទម្លាក់ទុន) អតិថិជនត្រូវបានជូនដំណឹងអំពីលក្ខណៈនៃ ផលិតផល ការយកកម្រៃសេវា ចន្លោះពេលរង់ចាំទុន និងលក្ខខណ្ឌផ្សេងៗ​ ដោយប្រើប្រាស់សម្ភារជារូបភាព (visual aids A4-Metacard)។ បន្ថែមលើនេះ វីដេអូណែនាំស្តីពីការប្រើប្រាស់ visual aids A4-Metacard ត្រូវបានផ្សព្វ ផ្សាយនៅលើគេហទំព័ររបស់អិលអូអិលស៊ី។

នៅក្នុងឆ្នាំ២០២៣ អិលអូអិលស៊ីបានផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់អ្នកចូលរួមជាង ៦៣.០០០នាក់ (៧៤% ឬស្មើនឹង ៤៦.៩២៥ នាក់ជាស្ត្រី) ដែលអ្នកចូលរួមទាំងនោះរួមមានអតិថិជន អ្នកភូមិ និស្សិតសាកលវិទ្យាល័យ និងក្មេងៗ។ 
ការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ 
‌បដាចំនួន ៧៥ផ្ទាំង ដែលមានសារអប់រំសំខាន់ៗអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានរចនា ផលិត និងដាក់ដំឡើងនៅកន្លែងដែលបានជ្រើសរើស។
កម្មវិធីវិទ្យុ “គំនិតរីកចម្រើន”៖ 
‌កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំអំពីចំណេះដឹង ផ្នែក ហិរញ្ញវត្ថុ និងអប់រំប្រជាពលរដ្ឋនៅតំបន់ជនបទអំពីការការពារអតិថិជន និងការលើកទឹកចិត្តខ្លួនឯង។
វីដេអូអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ 
‌ត្រូវបានផលិតឡើងដើម្បីផ្តល់សារអប់រំអំពី ការគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុ  ទៅដល់សាធារណជន/អតិថិជន។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ វីដេអូអប់រំចំនួន២៨ ត្រូវបានផលិតឡើង ហើយក្នុងនោះវីដេអូចំនួន២៦ ត្រូវបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយល្បីៗ និងនៅលើ Facebook Page របស់អិលអូអិលស៊ី។ ជាលទ្ធផល វីដេអូទាំង២៦ នេះមានអ្នកចូលទស្សនាសរុបជាង ១៦,២២ លានដង។

បន្ថែមលើនេះផងដែរ អិលអូអិលស៊ីក៏បានបែងចែកថវិកាមួយចំនួន ដើម្បីចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗទៀត ដូចជា៖
 ដាក់បង់ថ្មអង្គុយលេងនៅទីសាធារណៈ ដាំដើមឈើ សកម្មភាពនៅតាមសាលារៀន និងបរិច្ចាគធុងសម្រាម ក៏ដូចជាអំពូលភ្លើងសូឡាដល់សហគមន៍ សាលារៀន វត្តអារាម និងទីសាធារណៈ។
 បរិច្ចាគគ្រឿងឧបភោគបរិភោគដល់អតិថិជន និងជនរងគ្រោះដោយសារគ្រោះទឹកជំនន់។
 បរិច្ចាគកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដើម្បីលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា និង លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនបន្ថែមទៀត។
 ផ្តល់ការអប់រំដល់អ្នកទទួលអត្ថប្រយោជន៍ពីគម្រោងភូមិមួយផលិតផលមួយស្តីពី “វិធីទទួលបានសេវា ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ” នៅក្នុងខេត្តមួយចំនួន។
 ចូលរួមក្នុងកិច្ចការសង្គមតាមរយៈការផ្តល់នូវខិតប័ណ្ណផ្សព្វផ្សាយអំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន និងសម្ភារ ផ្សព្វផ្សាយផ្សេងៗទៀត ដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងគ្រឿងញៀនដល់សាធារណជន។
 ចុះកិច្ចព្រមព្រៀងជាមួយ Ecobatt-Energry Cambodia ដើម្បីសហការក្នុងការប្រមូលសំណល់អគ្គិសនី និងឧបករណ៍អេឡិចត្រូនិចដែលជះផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពមនុស្ស។

យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២៤

យើងមើលឃើញឆ្នាំ២០២៤ ពោរពេញទៅដោយឱកាសថ្មីៗ និងការប្រកួតប្រជែងសម្រាប់អិលអូអិលស៊ី។

ខាងផ្នែកឥណទាន យើងនឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តផ្តោតការយកចិត្តទុកដាក់លើឥណទាន ខ្នាតតូច និងមធ្យម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកទ្រព្យដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ដែលជាអាជីវកម្មចម្បងរបស់អិលអូអិលស៊ី។

ខាងផ្នែកប្រាក់បញ្ញើ យើងនឹងបន្តពង្រឹងសេវាអតិថិជន និងប្រើប្រាស់បណ្តាញឌីជីថលដ៏សម្បូរបែប ដើម្បីលើកកម្ពស់ការ ប្រមូលប្រាក់បញ្ញើសំចៃបន្ថែមទៀត។ បន្ថែមលើនេះ យើងនឹងបន្តផ្តល់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញទៅតាម តម្រូវការរបស់អតិថិជន រួមមានគណនីសន្សំសម្រាប់ប្រើប្រាស់ក្នុងគម្រោងពេលអនាគត គណនីសន្សំសម្រាប់បុត្រធីតា និង សេវាទូទាត់វិក្កយបត្រ និងសេវាបើកប្រាក់បៀវត្ស។

ខាងផ្នែកឌីជីថល អិលអូអិលស៊ីនឹងបន្តអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ជាមួយនឹងបទពិសោធន៍ធនាគារនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

ខាងផ្នែកមូលនិធិ អិលអូអិលស៊ីនឹងស្វែងរកទុនពីប្រភពផ្សេងៗគ្នា ដើម្បីធានាភាពគ្រប់គ្រាន់នៃមូលនិធិសម្រាប់គាំទ្រកំណើន របស់អិលអូអិលស៊ី។ បន្ថែមលើប្រភពទុនពីម្ចាស់ភាគទុនិក កម្ចីពីម្ចាស់កម្ចី និងប្រាក់បញ្ញើរបស់អតិថិជន អិលអូអិលស៊ី បានបោះផ្សាយលក់មូលបត្របំណុលលើកទីមួយ ដើម្បីគាំទ្រនិរន្តរភាពនៃការរីកលូតលាស់របស់អិលអូអិលស៊ី ហើយកំពុង ស្ថិតក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្របំណុលលើកទីពីរ ដល់វិនិយោគិនសក្តានុពល។

ខាងផ្នែកគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ច អិលអូអិលស៊ីនឹងបន្តយកចិត្តទុកដាក់លើការអនុវត្តដែលល្អ បំផុតក្នុងការគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ច ដើម្បីសម្រេចឱ្យបានតាមការប្តេជ្ញាចិត្តរបស់អិលអូអិលស៊ី ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសម្រេចឱ្យបានតាមគុណតម្លៃរបស់អិលអូអិលស៊ី ដែលចែងថា “អិលអូអិលស៊ីឱ្យ តម្លៃទៅលើទស្សនវិស័យក្នុងការធ្វើឱ្យមានតុល្យភាព រវាងកិច្ចការសង្គម និងផលចំណេញ”។

សរុបជារួមមក យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការចាប់យកឱកាសជោគជ័យ ហើយយើងជឿជាក់ថា អិលអូអិលស៊ីនឹងអាចនាំមកនូវតម្លៃបន្ថែមទៀតដល់អតិថិជន វិនិយោគិន និងម្ចាស់ភាគទុនិក។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់សម្រាប់ ការដឹកនាំ ការគាំទ្រ និងការផ្តល់ដំបូន្មានល្អៗក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមបង្ហាញនូវការដឹងគុណយ៉ាង ស្មោះស្ម័គ្រចំពោះបុគ្គលិកអិលអូអិលស៊ីទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងការ ប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយសុចរិតភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូម ថ្លែងអំណរគុណចំពោះអតិថិជន វិនិយោគិន និងដៃគូពាក់ព័ន្ធដែលតែងតែគាំទ្រអិលអូអិលស៊ី ដើម្បីភាពរីកចម្រើនទាំងអស់ គ្នា។ បន្ថែមលើនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រនៅក្នុង ឆ្នាំ២០២៣ និងជោគជ័យដែលរំពឹងទុកនៅឆ្នាំបន្តបន្ទាប់ទៀត។