ការពិពណ៌នាទូទៅ

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត។ នៅក្នុងឆ្នាំ ១៩៩៤ អិលអូអិលស៊ី ត្រូវបានបង្កើតឡើងជាគម្រោងឥណទាន ដោយអង្គការមិនស្វែងរកប្រាក់ចំណេញ (Catholic Relief Service) ហើយក្រោយមកក៏បានក្លាយទៅជាធនាគារភូមិក្នុងឆ្នាំ២០០២។ នៅក្នុងឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឱ្យធនាគារភូមិ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ ២០១៥ ធនាគារភូមិ បានផ្លាស់ប្ដូរឈ្មោះមកជា អិលអូអិលស៊ី ហើយស្របពេលជាមួយគ្នានោះ ក៏ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាផងដែរ។ នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី កំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន LOLC Asia Private Limited (នៅក្នុងប្រទេសសិង្ហបុរី) និងក្រុមហ៊ុន TPC-ESOP Co, Ltd. ។

‌អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានភាពលេចធ្លោជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង១,៥៧ពាន់លានដុល្លារអាមេរិក និងបុគ្គលិក ដែលមានបទពិសោធន៍ ជាង៣.៦៥២នាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ អិលអូអិលស៊ី មានគោលបំណងបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។

វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានជួយសម្រួល និងផ្ដល់ជូនអតិថិជននូវលទ្ធភាពហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពួកគេ។ ជាលទ្ធផលគួរជាទីពេញចិត្តមួយផងដែរ អតិថិជនរបស់ អិលអូអិលស៊ី ត្រូវបានទទួលស្គាល់ថា មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត ដែលអនុញ្ញាតឱ្យ អិលអូអិលស៊ី អាចបង្កើនផលប័ត្រកម្ចីសរុបពី ១៨៨លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ ដល់ជាង ១,៣១ពាន់លាន ដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ‌ 

‌‌លើសពីនេះទៀត ដើម្បីបង្កើតសមិទ្ធផលសំខាន់ៗសម្រាប់សង្គម និងសេដ្ឋកិច្ច អិលអូអិលស៊ី បានពិនិត្យមើលលម្អិតលើសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថា គ្រឹះស្ថានកំពុងដំណើរការប្រតិបត្តិការទៅតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន។ ពីរភាគបីនៃអតិថិជនរបស់អិលអូលអិលស៊ី គឺជាស្ត្រី ដែលរកប្រាក់ចំណូលជិត ឬទាបជាងខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ និងមកពីវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ បន្ថែមលើនេះ អិលអូអិលស៊ីបានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign ហើយថ្មីៗនេះ នៅក្នុងដើមឆ្នាំ២០២២ (សុពលភាព រហូតដល់ ឆ្នាំ២០២៥) អិលអូអិលស៊ី បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ Cerise និង SPTF។ វិញ្ញាបនបត្រកម្រិតមាស គឺជាសមិទ្ធផលកម្រិតខ្ពស់បំផុត និងបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះ បំពេញគ្រប់លក្ខខណ្ឌស្តង់ដារកម្រិតខ្ពស់បំផុតនៃការការពារអតិថិជន ស្របតាមស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម។