រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគល់ជូននូវ ស្ទីគឃ័រ App NoDrug ចំនួន ១.២០០សន្លឹក ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅការិយាល័យកណ្ដាលអិលអូអិលស៊ី សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ពិធីប្រគល់ទទួលនេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ វឿន ប្រធាននាយកប្រតិបត្ដិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី។
តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលបានចូលរួមចំណែកផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននាពេលកន្លង។
ស្ទីគឃ័រនេះនឹងបិទនៅលើរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយជំរុញ និងលើកកម្ពស់ឱ្យប្រជាពលរដ្ឋធ្វើការទាញយក App NoDrug តាមរយៈការស្គែន QR Code ដែលមានលើស្ទីគឃ័រមកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានដោយទទួលបានការដោះស្រាយយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាបានសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយក្នុងតាំងពិព័រណ៍នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការតាំងពិព័រណ៌នៅមាត់ស្ទឹងសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយ និងបន្តចូលរួមជួយឧបត្ថម្ភដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននូវសម្ភារផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន នៅតាមកម្មវិធីថ្នាក់ជាតិ ក៏ដូចជាមូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជនកុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
Publish date: April 09, 2025