ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រកាសដល់សាធារណៈជនអំពីកម្មវិធីប្រគល់រង្វាន់កុំព្យូទ័រជាកាដូរលើកទឹកដល់ប្អូនៗសិស្សានុសិស្សទទួលបានទិន្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដែលជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។
យោងតាមលទ្ធប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដែលបានចេញប្រកាសនាពេលថ្មីៗនេះដោយក្រសួងអប់រំ យុវជន និងកីឡា អិលអូអិលស៊ី បានរកឃើញថាមានប្អូនៗសិស្សានុសិស្ស ដែលជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី សរុបចំនួន ៤៦នាក់ទទួលបាននិទ្ទេស A។
ដើម្បីចូលរួមអបអរដល់សិស្សានុសិស្ស ក៏ដូចជាអតិថិជនរបស់ អិលអូអិលស៊ី ផ្ទាល់នូវសមិទ្ធផលដ៏គាប់ប្រសើរនេះ អិលអូអិលស៊ី បានរៀបចំនូវកម្មវិធីប្រគល់រង្វាន់កុំព្យូទ័រ ដល់សិស្សានុសិស្សទទួលបាននិទ្ទេស A យ៉ាងមហោឡារិក កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២។
កម្មវិធីនេះមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកសុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរូប និងមាតាបិតាអាណាព្យាបាលរបស់សិស្សានុសិស្ស ដែលបានញ៉ាំងឱ្យកម្មវិធីនាព្រឹកនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម។
កម្មវិធីដ៏ពិសេសនេះ បានធ្វើឡើងដើម្បីកោតសរសើរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ ក៏ដូចជាផ្តល់ឱ្យប្អូនៗនូវសម្ភារសិក្សាចាំបាច់ក្នុងការបន្តការសិក្សារៀនសូត្រឱ្យស្របទៅនឹងបរិបទថ្មីតាមបែបឌីជីថល និងឱ្យប្អូនៗត្រៀមខ្លួនសម្រាប់ភាពជោគជ័យបន្តទៀតនៅថ្ងៃអនាគត។
ឆ្លៀតក្នុងឱកាសនេះ លោកសុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានលើកឡើងថា “ការអប់រំគឺជាសសរស្តម្ភនៃការអភិវឌ្ឍ ហេតុនេះហើយអិលអូអិលស៊ីតែងតែលើកកម្ពស់នូវការអប់រំ កោតសរសើរ និងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស។ ខ្ញុំបាទក៏សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង។“
យុវសិស្ស អុិន ណារី សិស្សនិទ្ទេស A មកពីខេត្តសៀមរាប បានគូសបញ្ជាក់ថា ការទទួលបានរង្វាន់កុំព្យូទ័រពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់លើការសិក្សាស្រាវជ្រាវ នៅពេលដែលរូបនាងចូលរៀនថ្នាក់មហាវិទ្យាល័យ។ យុវសិស្សរូបនេះ រំពឹងថា នឹងមានការផ្ដល់ជូនបែបនេះ សម្រាប់សិស្សានុសិស្សនិទ្ទេស A ជំនាន់ក្រោយៗទៀត ហើយបានលើកទឹកចិត្តឲ្យប្អូនៗសិស្សានុសិស្សជំនាន់ក្រោយខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបានលទ្ធផលសិក្សាល្អ ឈានទៅចាប់យកឱកាសល្អៗជាច្រើនទៀត ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។
ជាមួយគ្នានេះ លោក អ៊ុក តារា អ្នកអាណាព្យាបាលសិស្សនិទ្ទេស A នៅរាជធានីភ្នំពេញ បានបញ្ជក់ថា ការផ្ដល់រង្វាន់លើកទឹកចិត្តនេះ គឺជាការចូលរួមជំរុញការបំផុសស្មារតីឲ្យសិស្សានុសិស្សខិតខំរៀនសូត្រកាន់តែខ្លាំង ហើយក្នុងនាមលោកជាអតិថិជនរបស់ មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ផងនោះ លោកសង្ឃឹមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះ នឹងបន្ដសកម្មភាពនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ លោកបន្ថែមទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាគ្រឹះស្ថានមួយ ដែលគិតគូអំពីការជួយដល់សង្គម តាមរយៈសកម្មភាពជាច្រើននាពេលកន្លងមក ហើយលោកជឿជាក់ថា ការបន្ដសកម្មភាពនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានជំនឿចិត្ត និងគាំទ្រ មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) កាន់តែច្រើនឡើង។
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី បានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់អតិថិជនរបស់យើងចំពោះការជឿទុកចិត្ត និងប្រើប្រាស់នូវផលិតផល និងសេវាកម្មរបស់អិលអូអិលស៊ី ទាំងអតិថិជនប្រាក់បញ្ញើ អតិថិជនកម្ចី និងអតិថិជនដែលប្រើប្រាស់សេវាកម្មឌីជីថលរបស់ អិលអូអិលស៊ី ហើយយើងក៏សូមចូលរួមត្រេកអរ និងអបអរសាទរដល់បងប្អូន អ៊ុំ ពូ មីង ដែលកូនៗរបស់ពួកគាត់ ជាកូនល្អ សិស្សល្អ និងបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលដ៏ល្អប្រសើរមួយនេះ។
Publish date: December 16, 2024