អិលអូអិលស៊ី ចូលរួមក្នុងយុទ្ធនាការស័្មគ្រចិត្តបរិច្ចាគឈាម​ក្រោមប្រធានបទ "រួមគ្នាសង្គ្រោះជីវិត"

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤៖ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដែលបានរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមប្រធានបទ "រួមគ្នាសង្គ្រោះជីវិត"។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា នៅអគារខេមរានី វិថីវិចិត្រសិល្បៈ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។ 

តាមរយៈយុទ្ធនាការបរិច្ចាកឈាមនេះ  អិលអូអិលស៊ី (LOLC) សូមលើកទឹកចិត្តដល់អ្នកគ្រប់គ្នា ក្នុងការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ជាពិសេសសម្រាប់អ្នកដែលកំពុងមានតម្រូវការ ពីព្រោះថារាល់ឈាមមួយប្លោករបស់អ្នក អាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ទៅបីនាក់។

ការចូលរួមរបស់ អិលអូអិលស៊ី (LOLC) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវក្នុងសង្គម ក៏ដូចជាគូសបញ្ជាក់ពីការ តាំងចិត្ត របស់ យើងក្នុងការជួយសង្គ្រោះជីវិតដល់អ្នកជំងឺដែលកំពុងទទួលការវះកាត់ គ្រោះថ្នាក់ និងការសង្គ្រោះបន្ទាន់ផ្សេងៗ។ អិលអូអិលស៊ី សង្ឃឹមថាការចូលរួមចំណែកមួយនេះនឹងអាចជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសសម្រាប់អ្នកដែលកំពុងមានតម្រូវការ ក៏ដូចជាផ្តល់នូវគំរូដ៏ល្អមួយក្នុងសកម្មភាពមនុស្សធម៌ និងរួមចំណែកជួយដល់សង្គមជាតិទាំងមូល។





Publish date: July 16, 2024