LOLC អបអរសារទរ ការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល ប្រកបដោយជោគជ័យ ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថិជន

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានប្រកាសអបអរសារទរ ពីការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល ប្រកបដោយជោគជ័យ។ ចំពោះការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល នេះនឹងបន្ថែមភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្ម​បានល្អប្រសើរជាងមុន​ទ្វេដង។ 
ពិធីអបអរសារទរ ពីការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល ប្រកបដោយជោគជ័យ រៀបចំឡើងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី លោក Conrad Dias ក្រុមប្រឹក្សាភិបាល និងភ្ញៀវចូលកិត្តិយសរួមជាច្រើនរូបទៀត។ 
លោក សុខ វឿន បានថ្លែងថា «ចំណុចសំខាន់ដែលយើងសម្រេចដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល គឺដើម្បីផ្លាស់ប្ដូរយកបច្ចេកវិទ្យាទំនើបជំនាន់ថ្មី ដែលបន្ថែមនូវភាពរហ័សជាងមុន និងងាយស្រួលប្រើប្រាស់។ អ្វីដែលពិសេសទៀតនោះ គឺផ្ដល់ភាពងាយស្រួលដល់អតិថិជនជាខ្លាំង សម្រាប់អតិថិជនដែលប្រើប្រាស់នៅលើទូរស័ព្ទដៃ ឬការប្រើប្រាស់ប្រព័ន្ធឌីជីថលដែល មានសុវត្ថិភាពជាងមុនទ្វេដង»។ 
លោកបានថ្លែងបន្ថែមថា ជាការពិតការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលនេះ យើងបានចំណាយថវិការ និងមានការសិក្សាច្រើន ប៉ុន្ដែយើងពេញចិត្តចំពោះប្រព័ន្ធនេះ ដោយសារតែប្រព័ន្ធនេះ បានជួយការពារច្រើនដល់អតិថិជន និយាយឲ្យស្រួលស្ដាប់ វាប្រៀបដូចជាឡានទំនើបចុងក្រោយ ដែលផ្ដល់នូវភាពទំនើប, សុខសុវត្ថិភាពចំពោះអ្នកបើកបរប្រសិនបើមានគ្រោះថ្នាក់ណាមួយ។
លោកបានបន្ថែមថា កត្តាជំរុញទឹកចិត្តឱ្យ អិលអូអិលស៊ី ធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល (T24)គឺដើម្បីឈានមុខគេនៃការច្នៃប្រឌិតក្នុងវិស័យហិរញ្ញវត្ថុ ផ្តល់នូវប្រព័ន្ធធនាគារដែលគួរឱ្យទុកចិត្ត កាន់តែមានប្រសិទ្ធភាព ជាមួយនឹងសេវាកម្មរហ័ស សម្រាប់អតិថិជន​។ ក្នុងនោះ ដើម្បីទទួលយកបច្ចេកវិទ្យាទំនើប បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងស្របតាមស្តង់ដារពិភពលោកក្នុងបច្ចេកវិទ្យាធនាគារ។
លោក Conrad Dias បានថ្លែងថា ប្រព័ន្ធធនាគារស្នូល ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីផ្នែកធនាគារជូនដល់អតិថិជនរបស់យើង។ ក្នុងនោះអតិថិជននឹងទទួលបានបទពិសោធន៍ ប្រតិបត្តិការលឿន និងមានសុវត្ថិភាពជាងមុន តាមរយៈសេវាកម្មឌីជីថលរបស់ LOLC ។
លោកបានបន្ថែមថា ចំពោះការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលនេះ នឹងគាំទ្រការធ្វើឌីជីថលកាន់តែច្រើន នៃសេវាកម្មរបស់យើង ដែលមានន័យថា អតិថិជននឹងទទួលបានបទពិសោធន៍ធនាគារ តាមអ៊ីនធឺណិត និងធនាគារចល័តកាន់តែប្រសើរឡើង, ទទួលបានប្រកកម្ចីឆាប់រហ័ស និងបង្កើតមុខងារសុវត្ថិភាព។ 
​គួរបញ្ជាក់ផងដែរថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែល អិលអូអិលស៊ី កំពុងបន្តឥតឈប់ឈរ ដើម្បីធានាថាអតិថិជន មានលទ្ធភាពប្រើប្រាស់សេវាធនាគារ ដែលងាយស្រួល និងសុវត្ថិភាពបំផុត៕














Publish date: December 03, 2024