អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា
ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។ ដោយមានការគាំទ្រ
ទំនុកចិត្ត និងជឿជាក់ខ្ពស់ពីអតិថិជន អិលអូអិលស៊ី
បានកើនឡើងនូវសមតុល្យប្រាក់បញ្ញើគួរឱ្យកត់សម្គាល់។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អិលអូអិលស៊ី
ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង១.០០០លានដុល្លារអាមេរិក
និងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ៥៣០.៥៧៧នាក់ កំពុងប្រើប្រាស់ផលិតផល
និងសេវារបស់អិលអូអិលស៊ី ៨៣សាខានៅទូទាំងប្រទេស។ កំណើននេះ
បានបង្ហាញយ៉ាងច្បាស់អំពីការទំនាក់ទំនងដ៏រឹងមាំរវាងអិលអូអិលស៊ី
ជាមួយអតិថិជន និងសមត្ថភាពរបស់ខ្លួន
ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របសម្រាប់អតិថិជនគ្រប់មជ្ឈដ្ឋាន
ទាំងនៅទីក្រុង និងជនបទ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី មានប្រសាសន៍ថា
“អិលអូអិលស៊ី មានគោលបំណងបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍
តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ
និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព
ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
ការកើនឡើងមួយនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យរបស់ អិលអូអិលស៊ី
ក្នុងការកសាងទំនុកចិត្តពីអតិថិជនប៉ុណ្ណោះទេ
តែវាបានបង្ហាញយ៉ាងច្បាស់នៃការរីកចម្រើនលើទម្លាប់សន្សំប្រាក់របស់ប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ន។
ហើយកាលណាដែលអតិថិជនមានទម្លាប់សន្សំប្រាក់កាន់តែច្រើន
នឹងបង្ហាញថាពួកគាត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើន
ដែលចំណេះដឹងទាំងនេះមិនត្រឹមតែជួយរក្សាស្ថេរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន
និងក្រុមគ្រួសារប៉ុណ្ណោះទេ
ថែមទាំងជាកត្តាដ៏សំខាន់ជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនផងដែរ។
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទទួលប្រាក់បញ្ញើឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា អិលអូអិលស៊ី
តែងតែប្រឹងប្រែងឥតឈប់ឈរក្នុងការបង្កើតផលិតផលហិរញ្ញវត្ថុដ៏សម្បូរបែបដែលមានប្រសិទ្ធភាពខ្ពស់
ងាយស្រួល
និងចំណេញទៅដល់អតិថិជនដូចជាផលិតផលប្រាក់សន្សំដែលផ្តល់ការប្រាក់ខ្ពស់
ផលិតផលប្រាក់កម្ចី និងសេវាធនាគារចល័តជាដើម។ ក្រៅពីការពង្រឹងគុណភាពផលិតផល
និងសេវាកម្មរបស់ខ្លួន អិលអូអិលស៊ី
តែងតែបង្កើតកម្មវិធីថ្មីៗដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការចេះដាក់ប្រាក់សន្សំ
ការគ្រប់គ្រងចំណូលចំណាយ និងបំណុលជាដើម។
ទាំងនេះសុទ្ធសឹងតែកត្តាដែលជំរុញឱ្យ អិលអូអិលស៊ី
ក្លាយជាស្ថាប័នមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។
អិលអូអិលស៊ី សូមធ្វើការថ្លែងអំណរគុណចំពោះអតិថិជនដែលបានជឿជាក់
ផ្តល់ទំនុកចិត្ត ប្រើប្រាស់ផលិតផល និងសេវាកម្មកន្លងមក
និងមានមោទនភាពដែលបានដើរតួនាទីជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំ
រួមចំណែកក្នុងភាពរីកចម្រើនទាំងអស់គ្នា។ លទ្ធផលដ៏ អស្ចារ្យមួយនេះ
គឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាដែលជម្រុញឱ្យ អិលអូអិលស៊ី
ខិតខំប្រឹងប្រែងបន្តទៀតក្នុងការពង្រឹងផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី
បន្ថែមទៀតដើម្បីធានាបានអតិថិជនទទួលបាននូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះពីយើងខ្ញុំ។
Publish date: January 17, 2025